John 8

ស្ដ្រីផិតក្បត់ដែលគេចាប់បាន

1រីឯ​ព្រះ​យេស៊ូ​ក៏​យាងទៅភ្នំដើមអូលីវ 2លុះព្រលឹមឡើង​ព្រះអង្គ​យាងចូលក្នុង​ព្រះ​វិហារម្ដងទៀតហើយបណ្ដាជនទាំងអស់​ក៏​មកព្រះអង្គដូច្នេះ​ព្រះអង្គ​ក៏​អង្គុយចុះ​ហើយ​បង្រៀនពួកគេ 3ពេលនោះពួក​គ្រូវិន័យនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ីនាំស្ត្រីម្នាក់​ដែល​គេ​ទាន់កំពុងផិតក្បត់មកពេល​ឲ្យ​នាងឈរនៅកណ្ដាលជំនុំ​ហើយ 4ក៏ទូល​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូ​ពួកគេ​ចាប់បានស្ត្រីម្នាក់នេះនៅពេល​នាង​កំពុង​ផិតក្បត់ 5ហើយលោកម៉ូសេ​បាន​បង្គាប់យើងនៅក្នុងគម្ពីរវិន័យ​ឲ្យ​គប់​ស្ត្រី​បែបនេះ​នឹង​ដុំថ្មដូច្នេះ​តើ​លោកថាយ៉ាងដូចម្ដេចដែរ?»។ 6ពួកគេនិយាយដូច្នេះ​ដោយ​ល្បងលព្រះអង្គដើម្បី​ឲ្យ​បាន​រឿងចោទប្រកាន់ព្រះអង្គប៉ុន្តែ​ព្រះ​យេស៊ូ​បាន​អោនសរសេរនៅលើដីដោយម្រាមដៃ 7នៅពេលពួកគេ​ចេះតែទទូចសួរព្រះអង្គនោះ​ព្រះអង្គ​ក៏​ងើបឡើងមានបន្ទូល​ទៅ​ពួកគេថា៖ ​«នៅក្នុង​ចំណោម​អ្នករាល់គ្នាអ្នកណាគ្មាន​បាប​សោះ​ចូរ​ឲ្យ​អ្នកនោះ​គប់នាងនឹងដុំថ្មមុនគេចុះ 8បន្ទាប់មកព្រះអង្គ​ក៏​អោនសរសេរនៅលើដីម្ដងទៀត 9ពេលពួកគេដូច្នេះក៏ថយចេញម្នាក់ម្ដងចាប់ពី​មនុស្ស​ចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូនិងស្ត្រីម្នាក់នោះ 10ព្រះយេស៊ូ​ក៏​ងើបឡើងហើយមានបន្ទូល​ទៅ​នាងថា៖ ​«នាងអើយ​តើ​ពួកគេ​នៅឯណា? ​តើគ្មាន​អ្នកណា​ដាក់ទោសនាងទេ​ឬ?» 11នាងទូលថា៖ ​«គ្មានទេ​លោក​ម្ចាស់!» ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​នាង​ថា៖ ​«ខ្ញុំ​ក៏​មិនដាក់ទោសនាងដែរ​ចូរ​ទៅចុះប៉ុន្ដែចាប់ពីពេលនេះតទៅ​ចូរ​កុំ​ប្រព្រឹត្តិ​បាបទៀត»។

ព្រះយេស៊ូជា​ពន្លឺ​នៃ​លោកិយ​

12ព្រះ​យេស៊ូមានបន្ទូល​ទៅ​បណ្ដាជនជាថ្មីទៀតថា៖ ​«ខ្ញុំជាពន្លឺ​នៃ​លោកិយអ្នកណា​មក​តាមខ្ញុំ​អ្នកនោះ​មិនដើរក្នុងសេចក្ដីងងឹតឡើយគឺមានពន្លឺ​នៃ​ជីវិតវិញ»។ 13ពួកអ្នកខាង​គណៈ​ផារិស៊ីទូល​ទៅ​ព្រះអង្គថា៖ ​«អ្នក​កំពុង​ធ្វើបន្ទាល់អំពីខ្លួនឯងហើយ​សេចក្ដី​បន្ទាល់​របស់​អ្នកមិនពិត​ទេ»។ 14ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ទោះបីខ្ញុំ​កំពុង​ធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏​ដោយ​ក៏​សេចក្ដី​បន្ទាល់​របស់​ខ្ញុំជាការពិតព្រោះ​ខ្ញុំ​ដឹងថា​ខ្ញុំ​មកពីណាហើយទៅណា​ផង​ប៉ុន្ដែអ្នករាល់គ្នាវិញមិនដឹងថា​ខ្ញុំ​មកពីណាទៅណាទេ 15អ្នករាល់គ្នាវិនិច្ឆ័យតាម​បែប​សាច់ឈាម​ឯ​ខ្ញុំមិនវិនិច្ឆ័យអ្នកណាម្នាក់ឡើយ 16ផ្ទុយទៅវិញទោះបីខ្ញុំវិនិច្ឆ័យក៏ដោយ​ក៏​ការវិនិច្ឆ័យរបស់ខ្ញុំពិតដែរព្រោះ​ខ្ញុំ​មិន​បាន​នៅតែម្នាក់ឯងទេគឺ​មាន​ខ្ញុំនិង​ព្រះ​វរ​បិតាដែល​បាន​ចាត់ខ្ញុំឲ្យមក 17សូម្បីតែនៅក្នុង​គម្ពីរ​វិន័យ​របស់​អ្នករាល់គ្នាក៏​មាន​សេចក្ដីចែង​ទុក​មក​ដែរថា​សេចក្ដី​បន្ទាល់របស់មនុស្ស​ពីរ​នាក់​គឺ​ជា​សេចក្ដី​ពិត 18ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ​រីឯ​ព្រះ​វរ​បិតាដែល​បាន​ចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។ 19ពួកគេក៏​ទូល​សួរព្រះអង្គថា៖ ​«តើ​ព្រះ​វរ​បិតា​របស់​អ្នកនៅឯណា?» ​ព្រះ​យេស៊ូឆ្លើយថា៖ ​«អ្នករាល់គ្នា​មិនស្គាល់ខ្ញុំទេ​ហើយ​ក៏​មិន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ​បើ​អ្នករាល់គ្នា​ស្គាល់ខ្ញុំ​នោះ​អ្នករាល់គ្នា​ក៏បានស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំដែរ»។ 20ព្រះយេស៊ូ​មានបន្ទូលពាក្យទាំងនេះ​នៅពេល​កំពុង​បង្រៀននៅក្បែរហិបតង្វាយនៅក្នុង​ព្រះ​វិហារប៉ុន្តែគ្មាន​អ្នក​ណា​ម្នាក់​ចាប់ព្រះអង្គទេព្រោះមិនទាន់ដល់ពេលវេលា​របស់​ព្រះអង្គនៅឡើយ

ព្រះយេស៊ូប្រាប់​អំពីការ​ចាកចេញ​របស់ព្រះអង្គ

21ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេម្ដងទៀតថា៖ ​«ខ្ញុំ​ត្រូវ​ចាកចេញទៅហើយ​អ្នករាល់គ្នា​នឹង​តាមរកខ្ញុំប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្លាប់នៅក្នុងបាប​របស់​ខ្លួន។ ​កន្លែងដែលខ្ញុំទៅអ្នករាល់គ្នាមិនអាចទៅបានទេ»។ 22ដូច្នេះពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖ ​«តើ​គាត់​នឹង​សម្លាប់ខ្លួន​ឬ​បានជា​គាត់​និយាយ​ដូច្នេះ​ថាកន្លែងដែលខ្ញុំទៅអ្នករាល់គ្នាមិនអាចទៅបានទេ 23ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«អ្នករាល់គ្នាមកពី​ស្ថាន​ក្រោម​ឯ​ខ្ញុំវិញ​ខ្ញុំ​មកពី​ស្ថាន​លើអ្នករាល់គ្នាកើតពីលោកិយនេះ​ឯ​ខ្ញុំវិញ​ខ្ញុំ​មិនកើតពីលោកិយនេះទេ 24ដូច្នេះហើយ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​អ្នករាល់គ្នា​នឹង​ស្លាប់ក្នុងបាបរបស់ខ្លួនព្រោះបើ​អ្នករាល់គ្នា​មិនជឿថាខ្ញុំជាព្រះ​អ្នករាល់គ្នា​នឹង​ស្លាប់ក្នុងបាបរបស់ខ្លួន»។ 25ពួកគេក៏​ទូល​សួរព្រះអង្គថា៖ ​«តើ​អ្នកជានរណា?» ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​តាំងពី​ដំបូង​ហើយ​ថាខ្ញុំជានរណា 26ខ្ញុំមាន​សេចក្ដី​ជាច្រើន​ត្រូវ​និយាយហើយ​ត្រូវ​ដាក់ទោសអ្នករាល់គ្នាប៉ុន្តែព្រះជាម្ចាស់ដែល​បាន​ចាត់ខ្ញុំឲ្យមកព្រះអង្គពិតត្រង់​ហើយ​ខ្ញុំប្រាប់មនុស្សលោក​អំពី​សេចក្ដីដែល​ខ្ញុំ​បាន​ពីព្រះអង្គ»។ 27ពួកគេមិនយល់ថា​ព្រះអង្គ​កំពុង​មានបន្ទូល​ប្រាប់​ពួកគេអំពី​ព្រះ​វរ​បិតាទេ 28ដូច្នេះព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ពេល​អ្នករាល់គ្នា​លើកកូនមនុស្សឡើងនោះទើប​អ្នករាល់គ្នា​ដឹងថាជាខ្ញុំ​នេះ​ហើយ​ខ្ញុំ​មិន​ធ្វើអ្វីដោយខ្លួនខ្ញុំទេគឺ​ខ្ញុំ​និយាយសេចក្ដីទាំងនេះតាមតែ​ព្រះ​វរ​បិតា​បាន​បង្រៀនខ្ញុំ 29ព្រះអង្គដែលចាត់ខ្ញុំឲ្យមក​ព្រះអង្គ​គង់ជាមួយខ្ញុំព្រះអង្គមិនទុក​ឲ្យ​ខ្ញុំនៅម្នាក់ឯងឡើយដ្បិតខ្ញុំតែងធ្វើអ្វីដែលគាប់ព្រះឫទ័យព្រះអង្គ»។

អ្នកដែល​ជា​សិស្ស​របស់ព្រះយេស៊ូ

30ពេល​ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​មនុស្ស​ជាច្រើន​បាន​ជឿលើព្រះអង្គ 31ដូច្នេះព្រះ​យេស៊ូ​ក៏​មានបន្ទូលទៅ​ពួក​ជនជាតិ​យូដាដែលជឿ​លើ​ព្រះអង្គថា៖ ​«បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យ​របស់​ខ្ញុំ​នោះ​អ្នករាល់គ្នា​ជាសិស្ស​របស់​ខ្ញុំពិតប្រាកដ 32ពេលនោះ​អ្នករាល់គ្នា​នឹង​ស្គាល់សេចក្ដីពិតហើយសេចក្ដីពិត​នឹង​ដោះអ្នករាល់គ្នា​ឲ្យ​មាន​សេរីភាព»។ 33ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ ​«យើង​ជាកូនចៅ​របស់​លោក​អ័ប្រាហាំហើយ​យើង​មិនដែល​ធ្វើជា​បាវបម្រើ​របស់​អ្នកណាទេម្ដេចក៏អ្នកនិយាយថា​អ្នករាល់គ្នា​នឹង​មានសេរីភាពដូច្នេះ 34ព្រះយេស៊ូឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថា​អ្នក​ណាដែលប្រព្រឹត្តិបាប​អ្នកនោះ​ជាបាវបម្រើ​របស់​បាប 35ហើយបាវបម្រើមិននៅក្នុងផ្ទះជាប់ជានិច្ចទេកូនប្រុស​នឹង​នៅជាប់អស់កល្បជានិច្ច 36ដូច្នេះបើព្រះរាជបុត្រាដោះអ្នករាល់គ្នា​ឲ្យ​មាន​សេរីភាព​អ្នករាល់គ្នា​មុខជា​មានសេរីភាពពិតប្រាកដ 37ខ្ញុំដឹងហើយថា​អ្នករាល់គ្នា​ជាកូនចៅ​របស់​លោក​អ័ប្រាហាំប៉ុន្តែ​អ្នករាល់គ្នា​រកសម្លាប់ខ្ញុំព្រោះពាក្យសំដី​របស់​ខ្ញុំមិននៅក្នុងចិត្ដ​របស់​អ្នករាល់គ្នាទេ 38ខ្ញុំនិយាយសេចក្ដី​ណា​ដែលខ្ញុំ​បាន​ឃើញនៅក្នុង​ព្រះ​វត្តមាន​ព្រះ​វរ​បិតាដូច្នេះហើយអ្នករាល់គ្នា​ក៏​ធ្វើតាមសេចក្ដី​ណា​ដែល​អ្នករាល់គ្នា​បាន​ពីឪពុកអ្នករាល់គ្នាដែរ»។ 39ពួកគេទូលឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«លោក​អ័ប្រាហាំជាឪពុក​របស់​យើង» ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«បើ​អ្នករាល់គ្នា​ជាកូនចៅ​របស់​លោក​អ័ប្រាហាំមែន​អ្នករាល់គ្នា​មុខជា​ធ្វើកិច្ចការ​របស់​លោក​អ័ប្រាហាំ 40ប៉ុន្តែឥឡូវនេះ​អ្នករាល់គ្នា​រកសម្លាប់ខ្ញុំ​ជា​អ្នក​បាន​ប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដីពិតដែល​បាន​ពីព្រះជាម្ចាស់មក​លោក​អ័ប្រាហាំមិន​បាន​ធ្វើដូច្នេះទេ 41ដូច្នេះអ្នករាល់គ្នា​កំពុង​ធ្វើអ្វីដែលឪពុក​របស់​អ្នករាល់គ្នា​បាន​ធ្វើ» ​ពួកគេ​ក៏ទូល​ទៅ​ព្រះអង្គថា៖ ​«យើងមិន​បាន​កើតមកពី​ការ​សាហាយស្មន់ទេ​យើង​មានឪពុកតែមួយគឺព្រះជាម្ចាស់» 42ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«បើព្រះជាម្ចាស់ជាឪពុក​របស់​អ្នករាល់គ្នាមែន​អ្នករាល់គ្នា​មុខជាស្រលាញ់ខ្ញុំមិនខានដ្បិតខ្ញុំនៅទីនោះ​ខ្ញុំ​ចេញ​ពីព្រះជាម្ចាស់មក​ខ្ញុំ​មិន​បាន​មកដោយខ្លួនខ្ញុំទេគឺព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមក 43ហេតុអ្វីបានជា​អ្នករាល់គ្នា​មិនយល់ពាក្យសំដី​របស់​ខ្ញុំ? ​នេះ​មកពី​អ្នករាល់គ្នា​មិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន 44ហើយអ្នករាល់គ្នា​មាន​ឪពុកជាអារក្សសាតាំង​អ្នករាល់គ្នា​ចូលចិត្តធ្វើតាមបំណងឪពុក​របស់​ខ្លួន​ដ្បិត​វាជា​អ្នក​សម្លាប់មនុស្សតាំងពីដើម​មក​ហើយមិនឈរនៅក្នុងសេចក្ដីពិតទេព្រោះ​វា​គ្មានសេចក្ដីពិតក្នុងខ្លួនឡើយ។ ​ពេល​វា​និយាយកុហក​វា​និយាយចេញពី​ចិត្ដ​របស់វាដ្បិត​វា​ជា​មេ​កុហកហើយជាឪពុក​នៃ​សេចក្ដី​កុហក 45ដូច្នេះដោយសារ​តែ​ខ្ញុំនិយាយសេចក្ដីពិត​អ្នករាល់គ្នា​មិនជឿខ្ញុំ 46តើក្នុង​ចំណោមអ្នករាល់គ្នានរណា​អាច​បង្ហាញ​បាន​ដែរឬ​ទេថាខ្ញុំ​នេះ​មានបាប? ​បើ​ខ្ញុំ​និយាយសេចក្ដីពិត​តើ​ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? 47អ្នកណា​ដែលកើតមកពីព្រះជាម្ចាស់​អ្នកនោះ​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​រីឯ​អ្នករាល់គ្នាមិន​បាន​កើតមកពីព្រះជាម្ចាស់ទេបានជា​អ្នករាល់គ្នា​មិនស្ដាប់ដូច្នេះ»។

ព្រះយេស៊ូ និងលោកអ័ប្រាហាំ​

48ពួក​ជនជាតិ​យូដាទូលឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«តើ​យើងនិយាយមិនត្រូវទេ​ឬ​អីថាអ្នកជា​ជនជាតិ​សាម៉ារីហើយមានអារក្ស​ចូល?» 49ព្រះយេស៊ូមានបន្ទូល​តប​ថា៖ ​«ខ្ញុំគ្មានអារក្សចូលទេផ្ទុយទៅវិញ​ខ្ញុំ​គោរព​ព្រះ​វរ​បិតា​របស់​ខ្ញុំប៉ុន្តែអ្នករាល់គ្នា​បែរជា​ប្រមាថខ្ញុំទៅវិញ 50ខ្ញុំមិនស្វែងរក​សិរី​រុងរឿង​សម្រាប់​ខ្លួនខ្ញុំទេមានព្រះ​មួយ​អង្គ​កំពុង​ស្វែងរកហើយ​កំពុង​ជំនុំជម្រះ 51ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិតប្រាកដថាបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ​អ្នកនោះ​នឹង​មិនជួបសេចក្ដីស្លាប់ឡើយ»។ 52ពួកជនជាតិ​យូដាក៏ទូល​ទៅ​ព្រះអង្គថា៖ ​«ឥឡូវនេះ​យើង​ដឹងថា​អ្នក​មានអារក្ស​ចូល​មែនហើយ។ ​លោក​អ័ប្រាហាំនិង​ពួក​អ្នកនាំព្រះបន្ទូល​បាន​ស្លាប់ទៅហើយប៉ុន្ដែអ្នក​បែរជា​និយាយថាបើអ្នកណាកាន់តាមពាក្យសំដី​របស់​អ្នក​អ្នកនោះ​នឹង​មិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ 53តើអ្នក​ធំ​ជាង​លោក​អ័ប្រាហាំជាដូនតា​របស់​យើងនិងពួកអ្នកនាំព្រះបន្ទូលដែល​បាន​ស្លាប់ទៅហើយនោះ? ​តើ​អ្នក​តាំងខ្លួន​ជា​នរណា? 54ព្រះយេស៊ូឆ្លើយថា៖ ​«បើខ្ញុំតម្កើងខ្លួនខ្ញុំ​សិរី​រុងរឿង​របស់​ខ្ញុំឥត​ប្រយោជន៍​ទេគឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំទេដែលលើកតម្កើងខ្ញុំ​ព្រះអង្គ​នោះ​ហើយ​ដែលអ្នករាល់គ្នានិយាយថាជាព្រះ​របស់​យើង 55ប៉ុន្ដែអ្នករាល់គ្នា​មិនស្គាល់ព្រះអង្គទេ​រីឯ​ខ្ញុំ​ខ្ញុំ​ស្គាល់ព្រះអង្គបើ​ខ្ញុំ​និយាយថា​ខ្ញុំ​មិនស្គាល់ព្រះអង្គ​នោះ​ខ្ញុំ​នឹង​ត្រលប់ជា​អ្នក​កុហកដូចអ្នករាល់គ្នាដែរប៉ុន្ដែ​ខ្ញុំ​ស្គាល់ព្រះអង្គ​ពិតមែន​ហើយកាន់តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គទៀត 56រីឯលោក​អ័ប្រាហាំ​ដែល​ជាដូនតា​របស់​អ្នករាល់គ្នា​បាន​ត្រេកអរដោយឃើញគ្រារបស់ខ្ញុំឥឡូវនេះ​គាត់​បាន​ឃើញ​មែន​ហើយ​មាន​ចិត្តរីករាយណាស់» 57ពេលនោះពួក​ជនជាតិ​យូដាទូលទៅព្រះអង្គ​ថា៖ ​«អ្នក​មាន​អាយុ​មិន​ដល់​ហាសិបឆ្នាំផងតើ​អ្នក​បាន​ឃើញ​លោក​អ័ប្រាហាំហើយ 58ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាមុន​លោក​អ័ប្រាហាំកើតមក​នោះ​មានខ្ញុំរួចទៅហើយ»។ 59ដូច្នេះពួកគេ​ក៏​រើស​ដុំ​ថ្មដើម្បីគប់​ព្រះ​យេស៊ូប៉ុន្តែ​ព្រះអង្គ​បាន​បំបាំង​កាយ​យាង​ចេញពី​ព្រះ​វិហារ
Copyright information for KhmKCB